ភ្នំពេញ៖ ដោយគោរព-អនុវត្ត តាមសច្ចាប័ន្ថ លេខ៥៦/ផ.ក ២០២២ របស់ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបើកវគ្គបំប៉នជំនាញព្រហ្មទណ្ឌ និងអង្គភាពនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ វគ្គបំប៉ននេះមានសិក្ខាកាមចូលរៀន ចំនួន៦៥នាក់ ជាមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត និងស្នងការ រង ការិយាល័យ អង្គភាពជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀតផងដែរ។
ការបើកវគ្គបំប៉ននេះមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ទាំងទ្រឹស្ដី និងការអនុវត្ត ជាពិសេស ដើម្បីពង្រឹងសមត្ថភាពដល់ជំនាញ និងប្រសិទ្ធភាព ក្នុងការអនុវត្ត តួនាទី ភារកិច្ចឱ្យទទួលបានជោគជ័យ ជូនអង្គភាពកងរាជអាវុធហត្ថ។
នេះជាសប្តាហ៍ទី២ ក្នុងការដំណើរការវគ្គបំប៉នជំនាញខ្សែរយៈបណ្តោយស្រាវជ្រាវ និងបង្ក្រាបបទល្មើស បន្ទាប់ពីបញ្ចប់ការបំប៉នជំនាញផែនការ និងស្រាវជ្រាវ បទឧក្រិដ្ឋ ហើយស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស នឹងរៀបចំពិធីបើកវគ្គបំប៉នជំនាញប្រឆាំងបទល្មើសគ្រឿងញៀន និងបំប៉ន ជំនាញ ប្រឆាំងការជួញដូរមនុស្ស ខ្សែរយៈបណ្តោយជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង រាជធានី-ខេត្ត ជាបន្តបន្ទាប់ទៀត តាមផែនការ និងកម្មវិធី បានគ្រោងទុក។