កំពង់ស្ពឺ៖ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនារី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែតុលា ឆ្នាំ២០១៧ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពីធីនេះមានការអញ្ជើញចូលរូមពី លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ កងអនុសេនាធំចល័តបានអញ្ជើញចូលរូមផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថបានលើកឡើងថា ពង្រឹងការងារអប់រំប្រជាពលរដ្ឋក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីប ខណៈមានការដើរកំសាន្តដ៏ច្រើនពីសំណាក់ពលរដ្ឋ និងភ្ញៀវទេសចរណ៍ ។ ត្រួតពិនិត្យគ្រប់សកម្មភាពតាមផ្លូវ អប់រំពលរដ្ឋឱ្យគោរពច្បាប់ចរាចរក្នុងពេលធ្វើដំណើរ បង្ការរាល់សកម្មភាពជនទំនើងដែលបង្កអសន្តិសុខដល់សង្គម ។
លោកឧត្តមសេនីយ៍មេបញ្ជាការបានបន្តថា ក្នុងនាមជាយើងជាកងកម្លាំងត្រូវថែររក្សាសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ការពារមិនឱ្យមានដិវត្តពណ៌ដែលចង់ផ្តូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កភាពវឹកវរដល់សង្គមជាតិ ជាពិសេសការពារឱ្យបានស្ថេរភាពជាតិ ដែលបង្កឡើងដោយជនអគតិមួយចំនួនទាំងក្នុងនិងក្រៅប្រទេស ។ លោកមេបញ្ជាការសង្កត់ធ្ងន់ថា ខិតខំយកចិត្តទុកដាក់ទប់ស្កាត់រាល់បទល្មើសបំផ្លាញធនធានធម្មជាតិ បញ្ហាគ្រឿងញៀន និងជនទំនើងក្នុងមូលដ្ឋាន ឱ្យមានប្រសិទ្ធិភាពខ្ពស់ ។
