អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជារួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាព កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដូចភ្លៀងរលឹម។ ជាក់ស្តែងនៅវេលាម៉ោង ១៤:១០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំចំនួន ០៦នាក់ រថយន្ត ០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈុន សំអូន ប្រធានស្នាក់ការសន្តិសុខ ៧០១
បានចុះធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ពាក់ព័ន្ធករណីនេះ លោក វ.ទោ អ៊ាង ភារៈ មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានថ្លែងប្រាប់អង្គភាព GRK News អោយដឹងថា ជាលទ្ធផលកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់គឺ ១. ឈ្មោះ អ៉ឹម ស្រឿន ភេទស្រី អាយុ២៦ឆ្នាំ
បច្ចុប្បន្នស្នាក់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ២. ឈ្មោះ អ៉ឹម សារឿន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា។ ក្រោយពីធ្វើការឃាត់ខ្លួន ដោយមានការអនុញាត្តិ និងសម្របសម្រួលពីសំណាក់លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកវរសេនីយ៍ត្រី ងួន ចាន់ អនុប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧០១ បានចុះទៅធ្វើការឆែកឆេរលំនៅដ្ឋានបក្ខពួករបស់ជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊ាន ហុង ហៅ តើក ហៅ ម៉ី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្រែក ត្បូងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (គេចខ្លួនបាត់)។ ជាលទ្ធផល យើងបានរកឃើញ និងដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សចំនួន ៤២កញ្ចប់តូច ម្សៅក្រាមពណ៌ក្រហម ០១កញ្ចប់តូច (ទម្ងន់សរុប ៧,៤៨ក្រាម) ឧបករណ៍សម្រាប់សេពគ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងតាមនិតិវិធី។
