You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ!

ស្វាយរៀង៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំធំបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា ទិសដៅបន្តប្រចាំខែកញ្ញា ឆ្នាំ២០២០។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨ និងនាយទាហានដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើដល់នាយទាហាន នាយទាហានរងទាំងអស់ដែលខិតខំកន្លងមកទាំងការការពារ ថែទាំសុខភាព ការធ្វើអនាម័យសម្អាតអង្គភាពដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩, ការដាំដុះដំណាំ និងការចញ្ចឹមសត្វជាដើម។ លោកមេបញ្ជាការ បានជំរុញឱ្យតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាពិសេសកងរាជអាវុធហត្ថខេត្ត ត្រូវបន្តអប់រំ និងផ្សព្វផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ពេលចេញក្រៅត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ និងវិធានបង្ការនៃការឆ្លងវីរុសកូវីដ (covid19) តាមណែនាំរបស់ក្រសួងសុខាភិបាល។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដាក់ទិសដៅបន្ត៖
– បន្ដរៀបចំពង្រឹងរចនាសម្ពន្ធកងរាជអាវុធហត្ថ (ជាពិសេសការពង្រឹងបណ្ដាជំនាញ)
– បន្ដការងារអប់រំបណ្ដុះបណ្ដាល ធ្វើវិក្រឹត្យការ និងអប់រំចិត្តសាស្រ្តប្រឆាំងនូវរាល់ព័ត៌មានក្លែងក្លាយសំដៅពង្រឹងផែនសាមគ្គីឯកភាពផ្ទៃក្នុង និងអនុវត្តម៉ឺងម៉ាត់តាមឋានានុក្រមកងយោធពលខេមរភូមិន្ទ។
– បន្ដការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធរស់នៅ ធ្វើការ និងរៀនសូត្រ។
– យកចិត្តទុកដាក់ការងារគ្រប់គ្រងថែទាំមធ្យោបាយបរិក្ខារបំពាក់។
– យកចិត្តទុកដាក់ការងារចិញ្ចឹម ថែទាំសុខភាព និងអនុវត្តគោលនយោបាយ ជំរុញសកម្មភាពចលនាបង្កបង្កើនផលដាំដុះ និងចិញ្ចឹមសត្វតាមបណ្ដាអង្គភាពនីមួយៗ។
– ជំរុញការកែសម្រួល និងពង្រឹងរបៀបធ្វើការតាមបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថ។
– យកចិត្តទុកដាក់តាមដានរាល់ការផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះអង្គភាព និងបុគ្គលិកកងរាជអាវុធហត្ថតាមប្រព័ន្ធបណ្ដាញសង្គម និងមានវិធានការម៉ឺងម៉ាត់ចំពោះបុគ្គលិកកងរាជអាវុធហត្ថដែលប្រព្រឹត្តខុសឆ្គង បទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋ ព្រមទាំងសកម្មភាពធ្វើការផ្សព្វផ្សាយនូវរាល់សកម្មភាព ស្នាដៃ សមិទ្ធិផល ដែលកងរាជអាវុធហត្ថសម្រេចបាន។
– បន្ដយកចិត្តទុកដាក់ការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ម្ចាស់ការក្ដាប់ជាប់នូវរាល់សភាពការណ៍ និងឧបាយកលបំផ្លិចបំផ្លាញសន្តិសុខ ស្ថេរភាពនយោបាយ។ ត្រៀមកម្លាំង និងមធ្យោបាយ ដើម្បីធ្វើការសង្គ្រោះគ្រោះមហន្ដរាយ និងត្រៀមចូលរួមសហការការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងករណីចៃដន្យ។
– បន្ដសហការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធការងារការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អំពើគេចពន្ធដើម្បីប្រមូលគៀងគរថវិកាជាតិ។
– បន្ដស្រាវជ្រាវ និងបង្រ្កាបរាល់បទល្មើសពង្រឹងការអនុវត្តច្បាប់ បទបញ្ជា ព្រមទាំងអនុវត្តដីកាតុលាការ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ មេបញ្ជាការ ផ្ដាំផ្ញើ និងជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់មានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ គ្រួសាររកស៊ីទទួលទានមានបានគ្រប់ៗគ្នា ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ឱ្យធ្វើ៕