ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធ ទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយមានការអញ្ជើញចូលរួមពីសំណាក់ស្នងការរង ស្នងការដ្ឋានទាំង៧ នាយការិយាល័យជំនាញ និងមានភ្ជាប់តាមរយៈប្រព័ន្ធ Video Conference ទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ និងសាលាទាំងពីរផងដែរ ដោយមានអ្នកចូលរួមសរុបប្រជុំសរុប ១៣៥នាក់។
កងរាជអាវុធហត្ថ សូមគាំទ្រទាំងស្រុងចំពោះការដឹកនាំដ៏ឈ្លាសវៃ និងបទបញ្ជាទាំងឡាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានោះ កងរាជអាវុធហត្ថនឹងធ្វើការផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទូទាំងប្រទេស និងចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យជ្រួតជ្រាបអំពីប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ ដើម្បីរួមគ្នាប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។