ត្បូងឃ្មុំៈ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែសីហា និងដាក់ចេញទិសដៅការងារ ប្រចាំខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ ការិយាល័យ ជំនួយការ មេបញ្ជាការស្រុក ក្រុង និងស្នាក់ការ ចូលរួមសរុបចំនួន៤០នាក់។ ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ក៏បានដាស់តឿនជំនាញព្រហ្មទណ្ឌខេត្ត ស្រុក ក្រុង និងស្នាក់ការឲ្យខិតខំបង្ក្រាបរាល់បទល្មើស ដែលកើតមានឡើង ហើយត្រូវសហការ ឲ្យបានល្អជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។ ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី ក៏បានដាក់ផែនការបើកវគ្គបំប៉នប្រចាំឆមាសទី២ នៅក្នុងខែសីហានេះ ព្រមទាំងណែនាំឲ្យកម្លាំងត្រៀមសហការក្នុងការការពារ មណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិ និងការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពេលខាងមុខនេះផងដែរ៕
