You are currently viewing ក្មេងទំនើងម្នាក់ ក្នុងចំណោម០៨នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន

ក្មេងទំនើងម្នាក់ ក្នុងចំណោម០៨នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន

បន្ទាយមានជ័យៈ ក្មេងទំនើងម្នាក់ ក្នុងចំណោម០៨នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានវាយទៅលើជនរងគ្រោះម្នាក់ នៅវេលាម៉ោង០១រំលងអាធាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦

ស្ថិតនៅចំណុចខាងជើងកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារ GRK News ឲ្យដឹងថា ជនរងគ្រោះម្នាក់ដែលត្រូវក្មេងទំនើងវាយធ្វើបាបនោះមានឈ្មោះ ឈឿត ឈឿយ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានមកអង្គុយលេងនៅវាលស្មៅ ខាងជើងកាស៊ីណូផ្កាយប្រាំ រួចបានមួយសន្ទុះមក ស្រាប់តែពេលនោះមានរថយន្តមួយគ្រឿង មានក្មេងទំនើងចំនួន០៨នាក់ ស្រាប់តែជិះមកដល់ចំណុចកើតហេតុនោះ ស្រាប់តែក្មេងទំនើងទាំង០៨នាក់នោះ ចុះមកវាយទៅលើជនរងគ្រោះ ដោយមិនដឹងពីមូលហេតុអ្វី បណ្ដាលអោយជនរងគ្រោះ របួសបែកក្បាលយ៉ាងដំណំ។ ក្រោយពីធ្វើសកម្មភាពរួចប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍មកកាន់ អាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យចុះមកជួយអន្តរាគមន៍។ ក្រោយពីបានទទួលព័ត៌មានហើយ កម្លាំងកងរាជអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែក០៧នាក់ទៀតឡើងជិះរថយន្តគេចខ្លួនបាត់អស់ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំបន្ត។ ក្រោយពីបានសាកសួររួចមកជនសង្ស័យក៏បានសរភាពថា ខ្លួនគេមានឈ្មោះ វ៉េត វណ្ណ: ភេទប្រុស អាយុ៣១ឆ្នាំ រស់ភូមិសាមគ្គីមានជ័យ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យបានបន្តអោយដឹងទៀតថា ខ្លួនគេ និងបក្សពួកទាំង០៧នាក់នេះពិតជា បានវាយទៅលើជនរងគ្រោះពិតប្រាកដមែន។

ជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត កំពុងសាកសួរបន្តពីមូលហេតុ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យ០៧នាក់ទៀត ត្រូវកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត ដើម្បីយកមកផ្តន់ទារទោសតាមច្បាប់។
០១

០២

០៣