សៀមរាបៈនៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការឃាត់ជនសង្ស័យចំនួន០៣នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ ស្ថិតនៅចំណុចភូមិគោកឬស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះៈ
០១. ទាវ ស៊ីនិត ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប
០២. ហែម សំអាត ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅ ភូមិគោកឬស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប
០៣. ឆាង ហ៊ីងភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
មន្ត្រីដដែលបានបន្តឱ្យដឹងថា ការឃាត់ខ្លួននេះ គឺធ្វើឡើងទៅតាមដីការបង្គាប់អោយចូលខ្លួន លេខ២៥៦/២០១៦ លេខ២៥៧/២០១៦ និងលេខ២៥៨/២០១៦ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ របស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ពីបទ ប្លន់ប្រដាប់អាវុធ កាលពីថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ។
មន្ត្រីដដែលបានបន្តអោយដឹងទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន អាវុធកែច្នៃចំនួន០២ដើម ផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសាកសួរពត៌មានបន្ថែម និងបញ្ចូនបន្តតាមនីតិវិធី៕