ស្ទឹងត្រែងៈ នៅវេលាម៉ោង១៥ និង០០នាទី រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចផ្លូវជាតិលេខ៩ ស្ថិតនៅភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
បើតាមប្រភពពត៌មានពីលោក វរៈសេនីយ៍ទោ ដួង វិចិត្រ មន្ត្រីកងរាជអាវុធហត្ថនៅខេត្តស្ទឹងត្រែង បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ លី សេត អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសែនរុងរឿង ឃុំមរតក ស្រុកដាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីដដែលបានបន្តឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានតាមដាន និងកំណត់មុខសញ្ញារបស់ជនសង្ស័យជាយូរមកហើយ និងដោយប្រើវិធានការញ៉ុះញ៉ុង អោយមានការលក់ និងទិញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្តស្ទឹងត្រែង ទើបយើងអាចកំណត់មុខសញ្ញាបាន ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនេះ។
មន្ត្រីដដែលបានបន្តឱ្យដឹងថាទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ០១កញ្ចប់ធំ ដែលមានទម្ងន់ស្មើ ១០២២.៦ក្រាម
០២. ម៉ូតូចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕