ព្រះសីហនុៈ នៅវេលាម៉ោង២១ និង៣០នាទី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីជួញដូរគ្រឿងញៀន ស្ថិតនៅចំណុច ក្រុម១៤ ភូមិ១ សង្កាត់១
ក្រុងព្រះសីហនុ។
បើតាមប្រភពពត៌មានពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះៈ
០១. រឹទ្ធ ង៉ែត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ
០២. ម៉េត. សុភ័ណ្ឌ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ
លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានតាមដាន និងកំណត់មុខសញ្ញារបស់ជនសង្ស័យជាយូរមកហើយ ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនេះ ស្របពេលដែលពួកគេកំពុងធ្វើសកកម្មភាពចែកចាយគ្រឿងញៀន។
លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងថាទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ១១កញ្ចប់
០២. ទូរស័ព្ទចំនួន ០៥គ្រឿង
០៣. ជញ្ជីងចំនួន ០១គ្រឿង
០៤. ដបជក់ចំនួន០១
០៥. ដាវសាំម៉ូរ៉ៃចំនួន ០១ដើម
០៦. ដែកកេះចំនួន០៥
០៧. ប្រាក់រៀលចំនួន ០៨ម៉ឺនរៀល
០៨. កញ្ឆាគ្រៀមចំនួន ០១កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕