ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ លើកិច្ចការងារបង្ក្រាប រាល់បទល្មើសដែលកើតមានឡើងនៅក្នុងសង្កម ជាក់ស្តែង នៅវេលាម៉ោង២១ និង៣៥នាទី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីឆក់ ស្ថិតនៅចំណុច ផ្លូវមុន្នីវង្ស កែងផ្លូវ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានតាមដានសកម្មភាព និងកំណត់មុខសញ្ញារបស់ជនសង្ស័យ ជាយូរមកហើយ ទើបមានឱកាសក្នុងការឃាត់ខ្លួនជនសង្ស័យនេះ ស្របពេលដែលពួកគេកំពុងធ្វើសកកម្មភាព ឆក់ស្ត្រីរងគ្រោះ ដែលជាជនជាតិបារាំង ស្ថិតនៅចំណុចកើតហេតុខាងលើ ធ្វើអោយស្ត្រីរងគ្រោះ រងរបួសជើងផងដែរ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ក៏បាននាំខ្លួនជនសង្ស័យមកសាកសួរ នៅមូលដ្ឋានខណ្ឌចំការមន។
បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យក៏បានសារភាពថា ខ្លួនគេបានតាមដានសកម្មភាពជនរងគ្រោះមួយសន្ទុះមកហើយ ប៉ុន្តែគ្មានឱកាសក្នុងការធ្វើសកម្មភាពឆក់ លុះដល់ចំណុចកើតហេតុខាងលើ ទើបពួកគេមានឱកាសក្នុងការធ្វើសកម្មភាពឆក់ ប៉ុន្តែសំណាងអាក្រក់ ពួកគេក៏បានជួបប្រទះនឹងកម្លាំងល្បាតកងរាជអាវុធហត្ថ។
ចំណែកស្ត្រីរងគ្រោះដែលជាជនជាតិបារាំងវិញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការរុំរបួសជូនគាត់។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនរបស់ជនរងគ្រោះ ពីជនសង្ស័យរួមមានៈ
០១. កាបូបយួរដៃចំនួន០១
០២. ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាក Iphone
០៣. កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង
០៤. កាមេរ៉ាចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ចំណែកសម្ភារៈរបស់ជនរងគ្រោះ ត្រូវកម្លាំងកងរាជអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញ៕