ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មាការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” បានអញ្ជើញចុះជាមួយកម្លាំងត្រៀមអន្តរាគមន៍ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។ នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការផ្សព្វផ្សាយពីក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងសារាចរស្តីពីវិធានការបិទខ្ទប់គោចរក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដល់កម្លាំងត្រៀមអន្តរាគមន៍កងរាជអាវុធហត្ថ ពេលចុះអវុត្តភារកិច្ចត្រូវពាក់ម៉ាស់ ស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ពីក្បាលដល់ចុងជើង ពាក់វែនតា កបាំងមុខ ត្រូវប្រកាន់អាកប្បកិរិយា សំដីឱ្យបានសមរម្យ ទន់ភ្លន់ តែម៉ឹងម៉ាត់ ព្រមទាំងត្រូវរក្សាអនាម័យជាប់ជានិច្ច ត្រូវលាងដៃនឹងសាប៊ូ ជេល ឬអាល់កុល មិនត្រូវយកដៃញីភ្នែក ត្រចៀក កេះច្រមុះ ឬក៏មាត់ និងរក្សាគម្លាតសុវត្ថិភាព។