ស្វាយរៀងៈ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងជួញដូរគ្រឿងញៀន ស្ថិតនៅចំណុច ខាងកើតស្ពានទន្លៀង ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមប្រភពពត៌មានពីមន្រ្តី កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់នេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះ ហ៊ិន ចំប៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ជនជាតិខ្មែរ ទីលំនៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង និងចាប់យកបានថ្នាំញៀនប្រភេទម៉ាទឹកកកបានចំនួន០៦កញ្ចប់់ និងទូរស័ព្ទចំនួន០២គ្រឿង។ បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថក៏បានបញ្ចូន ជនសង្ស័យនោះទៅបញ្ជាការដ្ឋានខេត្តដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យក៏បានសារភាពថា ខ្លួនបានទិញថ្នាំញៀន ហើយយកទៅលក់បន្តទៅអោយអ្នកប្រើប្រាស់ចំនួន០៤នាក់ទៀតដែលមានឈ្មោះ ៈ
០១. រិន ស្រីរ័ត្ន ភេទស្រី ទីលំនៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង
០២. ម៉ី រិទ្ធ ភេទប្រុស ទីលំនៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង
០៣. ខៃ ដារ៉ា ភេទប្រុស ទីលំនៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង
០៤. យង់ ពេជ្រឌីរ៉ា ភេទប្រុស ទីលំនៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
មន្ត្រីដដែល បានបន្តឱ្យទៀតដឹងថា បន្ទាប់ពីបានទទួលចម្លើយសារភាពពីជនសង្ស័យ កម្លាំងក៏បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យដែលមានការពាក់ព័ន្ធទាំងនោះភ្លាមៗ និងបាន ចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ០៨កញ្ចប់
០២. ទូរស័ព្ទចំនួន០៤គ្រឿង
០៣. នាឡិកា ចំនួន០១
០៤. លុយខ្មែរ ចំនួន៧ម៉ឺនរៀល។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕