You are currently viewing ស្ត្រីម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងធ្វើការឃាត់ខ្លួន ពាក់ព័ន្ធក្នុងការចូលរួមសម្លាប់ស្ត្រីខ្មែរម្នាក់នៅឯប្រទេសថៃ

ស្ត្រីម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងធ្វើការឃាត់ខ្លួន ពាក់ព័ន្ធក្នុងការចូលរួមសម្លាប់ស្ត្រីខ្មែរម្នាក់នៅឯប្រទេសថៃ

បាត់ដំបងៈ ស្ត្រីម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងធ្វើការឃាត់ខ្លួន ពាក់ព័ន្ធក្នុងការចូលរួមសម្លាប់ស្ត្រីខ្មែរម្នាក់នៅឯប្រទេសថៃ កាលពីជាងមួយសប្ដាហ៍មុន ដែលត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត នាព្រឹកថ្ងៃទី២២ សីហា ២០១៦នេះ ។

បើតាមសំដីភ្នាក់ងារ GRK News កងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យឈ្មោះអ៊ឹម រ៉ាន់ អាយុ៤៧ឆ្នាំ ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកបវេល ឃាត់ខ្លួននៅយប់ថ្ងៃទី២០ សីហា ស្ថិតនៅភូមិដំណាក់ដង្កោ ឃុំក្ដុលតាហែន ស្រុកបវេល បន្ទាប់ពីទទូលពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ ។ ស្ត្រីរូបនេះបានរត់ត្រឡប់មកស្រុកខ្មែរវិញ ក្រោយពីសម្លាប់ស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះសេម នីម អាយុ៧៤ឆ្នាំ នៅឯប្រទេសថៃ តែត្រូវគេដឹងតម្រុយអំពីការរត់គេចខ្លួន ទើបគ្រួសារជនរងគ្រោះ ប្ដឹងសមត្ថកិច្ចស្រុកបវេល ឱ្យជួយអន្តរាគមន៍ តាមចាប់ខ្លួនស្ត្រីដៃដល់រូបនេះ ។
ភ្នាក់ងារដដែលបានឱ្យដឹងថាទៀតថា ស្ត្រីសង្ស័យឈ្មោះអ៊ឹម រ៉ាន់ មានជាប់ពាក់ព័ន្ធ ក្នុងការចូលរួមសម្លាប់ស្ត្រីឈ្មោះ
សេម នីម អាយុ៧៤ឆ្នាំ ជាជនជាតិខ្មែររស់នៅប្រទេសថៃ កាលពីល្ងាចថ្ងៃទី១៤ សីហា ដែលកើតឡើងនៅក្នុងស្រុកអារញ ខេត្តស្រះកែវ ប្រទេសថៃ។

ក្រោយពីសមគំនិតប្រព្រឹត្តបទឧក្រិដ្ឋរួចមក ស្ត្រីរូបនេះបានរត់គេចខ្លួនត្រឡប់មកសំងំនៅក្នុងផ្ទះរបស់ខ្លួន នៅឯស្រុកបវេលវិញ ហើយត្រូវសាច់ញាតិជនរងគ្រោះ ប្តឹងកម្លាំងកងរាជអាវុធហត្ថឃាត់ធ្វើការខ្លួនតែម្ដង។
បន្ទាប់ពីធ្វើការឃាត់ខ្លួន ដំបូងស្ត្រីឈ្មោះអ៊ឹម រ៉ាន់ នេះបានឆ្លើយបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងការសម្លាប់ទេ។ ប៉ុន្តែនៅព្រឹកថ្ងៃទី២១សីហា ក្រោយពីកម្លាំងអាវុធហត្ថបង្ហាញភស្ដុតាង និងមានការបំភ្លឺពីសាក្សីផង ក្នុងការដាក់បន្ទុក ទើបស្ត្រីរូបនេះទទូលស្គាល់កំហុស ហើយសារភាពថា ខ្លួនពិតជាបានចូលរួមសម្លាប់ស្ដ្រីខ្មែរវ័យ៧៤ឆ្នាំ នៅឯប្រទេសថៃនោះមែន។

ស្ត្រីរូបនេះនិយាយថា ជនជាតិថៃម្នាក់ឈ្មោះ ចយ ជាអ្នករៀបចំគម្រោងសម្លាប់ រីឯខ្លួនជាអ្នកល្បូងស្ត្រីរងគ្រោះនាំទៅកាន់ចំការអំពៅមួយ កន្លែង ឆ្ងាយពីផ្ទះប្រហែល១,០០០ម ។ ប៉ុន្តែពេលខ្លួននាំស្ត្រីរងគ្រោះទៅដល់ មានកម្មករខ្មែរម្នាក់ឈ្មោះកយ អាយុប្រហែល៣០ឆ្នាំ ជាអ្នកសម្លាប់ផ្ទាល់ដៃ ។ ឈ្មោះកយ បានប្រើកាំបិតចាក់ជនរងគ្រោះ និងប្រើដំបងវាយបន្ថែម រហូតដល់ស្លាប់នៅក្នុងចំការអំពៅនោះ រួចនាំគ្នារត់គេចខ្លួនភ្លាមៗដែរ។
ជនសង្ស័យបានបញ្ជាក់ថា ក្រោយសម្លាប់ស្ត្រីរងគ្រោះបានសម្រេច ខ្លួនទទួលបានប្រាក់ចំនួន២,០០០បាត ពីជនជាតិថៃឈ្មោះចយ ដែលជាមេខ្លោង រួចខ្លួនក៏រត់គេចមកផ្ទះនៅស្រុកខ្មែរវិញភ្លាមៗដែរ លុះជាងមួយសប្ដាហ៍ក្រោយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនដល់ផ្ទះតែម្ដង។ ប៉ុន្តែស្ត្រីរូបនេះមិនបានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យខ្លួន ចូលរួមធ្វើឃាតស្ត្រីខ្មែរខាងលើនេះទេ។

ទោះជាយ៉ាងណាមន្ត្រីកងរាជអាវុធហត្ថបាននិយាយថា ស្ត្រីឈ្មោះអ៊ឹម រ៉ាន់ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធអំពើឃាតកម្មនៅស្រុកថៃនេះ ត្រូវបានលោកមេបញ្ជាការខេត្តបាត់ដំបង បញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងហើយ តែមន្ត្រីជំនាញនៅតែបន្តការស្រាវជ្រាវរកបក្សពួកបន្តបន្ថែមទៀត ។
b

bb

bbb