ព្រះសីហនុ៖ ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ ការងារកសាងអង្គភាព បង្កបង្កើនផលដំណាំដាំដុះ និងជីវភាពរស់នៅរបស់កងកម្លាំងក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់។
ក្នុងដំណើរចុះត្រួតពិនិត្យនេះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវរបស់ លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ក្នុងការដឹកនាំបញ្ជាកម្លាំងក្រោមឱវាទ ដោយអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថបានយ៉ាងល្អប្រសើរ និងណែនាំដល់កម្លាំងទាំងអស់ ត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ” ៣ការពារ ៣កុំ ” របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជៀសឆ្ងាយផុតពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវកូវីដ-១៩។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានឧបត្ថម្ភមី ចំនួន ០២កេសធំ ដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ សម្រាប់យកទៅចាត់ចែងតាមតម្រូវការក្នុងពេលចុះបំពេញបេសកកម្ម។