បន្ទាយមានជ័យៈ នៅវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីប្លន់ ស្ថិតនៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ភ័ណ ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីកងរាជអាវុធហត្ថដដែល បានបន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅតាម ពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៣នាក់ រួមមានឈ្មោះៈ
០១. បាន សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្មាំ រស់នៅបណ្តោះអាសន្នក្នុងបរិវេនក្រុមហ៊ុនផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត៉ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
០២. វ៉ាសាន់ មងខេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
០៣. នូ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ភ្នាក់ងារ GRK News បានបន្តឱ្យដឹងថាទៀតថា ជនរងគ្រោះបានរៀបរាប់ប្រាប់ កម្លាំងកងរាជអាវុធហត្ថថា មុនពេលកើតហេតុ នៅវេលាម៉ោង២១ និង០០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបរិវេនកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត៉ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពួកគេទាំង០៣នាក់ កំពុងតែអង្គុយហូបបាយជាមួយមិត្តភ័ក្ត្រជុំគ្នា ស្រាប់តែមានជនសង្ស័យមានបក្ខពួកចំនួន០៧នាក់ បានកាន់ដំបង និងកាំបិតគ្រប់ដៃ ដើរសំដៅមករកខ្លួន រួចបានគំរាមខ្លួនអោយប្រគល់ទូរស័ព្ទទាំងអស់យកមកអោយជនសង្ស័យ។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ចូនជនសង្ស័យទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យក៏បានសារភាពថា ខ្លួនគេ និងបក្ខពួក ពិតជាបានធ្វើ ដូចអ្វីដែលជាការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុង សាកសួរពត៌មានបន្ថែម អំពីភិនភាគបក្ខពួកទាំង០៦នាក់ទៀត ដែលបានរត់គេចខ្លួន ដើម្បីស្រាវជ្រាវ តាមយកមកផ្តន្ទាទោសតាមច្បាប់៕