តាកែវៈ នៅវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទ្រាំង បានធ្វើការឃាត់់ខ្លួនបុរសវ័យចំណាស់ម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុចភូមិថ្កូវ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ
។
ក្រោយពីធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកទ្រាំង ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក លោកវរសេនីយ៍ត្រី ជុំ ស៊ីប៉ូ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ ក៏បានប្រាប់ភ្នាក់ងារ GRK News ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ពុត តេង ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិថ្កូវ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។
មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីកម្លាំងកងរាជអាវុធហត្ថសាកសួរចម្លើយរួចមក ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេតែងតែទិញថ្នាំញៀន ដើម្បីយកទៅចែកចាយបន្ត អោយអ្នកនៅក្នុងភូមិកើតហេតុខាងលើ។
មន្ត្រីដដែលបានបន្តអោយដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ ដែលមានទម្ងន់ស្មើ ១០.០៥ក្រាម
០២. ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈសម្រាប់សេពមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាង សំណុំរឿង ចាត់ការបន្តតាមនីតិវិធី ចំណែកអ្នកដែលពាក់ព័ន្ធជាមួយករណីនេះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។