You are currently viewing អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់

អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ: នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចុះល្បាតតាមបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់ការលួចចេញ-ចូលទៅប្រទេសថៃដោយខុសច្បាប់ ពេលល្បាតដល់ចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ក៏ប្រទះឃើញពលករចំនួន០៨នាក់ ក្នុងនោះស្រ្តីចំនួន០៥នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ហើយកម្លាំងចម្រុះក៏បានឃាត់ខ្លួនយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃតែម្ដង ។
ក្រោយពីសួរនាំពលករទាំង០៨នាក់រួច ទើបកម្លាំងចម្រុះធ្វើប្រតិបត្តិការឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ វណ្ណៈ វណ្ណន ភេទប្រុស អាយុ២៩ឆ្នាំ និងដកហូតរថយន្ត០១គ្រឿងម៉ាកកាមេរី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A-5019 នៅចំណុចភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី ចំណែកពលករទាំង០៨នាក់ ត្រូវបានកម្លាំងបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យស្រុកម៉ាឡៃ។