បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨ និង១០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីអំពី លក្ខន្តិក: ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងផ្សព្វផ្សាយអំពីសិទ្ធិ
ក្នុងពេលឃាត់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌ និងដំណាក់កាល ពីការចាប់ខ្លួន រហូតដល់បណ្ដឹងឧទ្ធរណ៍ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានអនុប្រធានមន្ទីរ នាយនាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន៩៨នាក់។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់នាយ នាយរងអាវុធហត្ថទាំងអស់ ដែលបានចូលរួមប្រជុំក្នុងថ្ងៃនេះ ត្រូវយកចិត្តទុកដាក់បំផុតនូវច្បាប់ បទបញ្ញត្តិ និងលក្ខន្តិក:របស់កងយោធពលខេមរភូមិន្ទ ដើម្បីងាយស្រួលក្នុងការបំពេញភារកិច្ច ស្របទៅតាមនីតិវិធីច្បាប់បានកំណត់។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានមានប្រសាសន៍ផ្ដាំផ្ញើ ដល់មេបញ្ជាការគ្រប់មូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ ជាពិសេស ការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ចទៅតាមសេចក្តីកំណត់ខាងលើ និងយកខ្លឹមសារទាំងអស់ ផ្សព្វផ្សាយបន្តដល់កម្លាំងក្រោមឱវាទផងដែរ។