កោះកុងៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកោះកុង បានចុះបង្ក្រាបករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន ០១លើក ស្ថិតនៅចំណុចបន្ទប់ជួលលេខ១១០ ក្នុងផ្ទះសំណាក់យីហោ សុខ សាន្ត ស្ថិតនៅភូមិ២ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បើតាមប្រភពពត៌មានពីលោក អនុសេនីយ៍ឯក ហេង ណាត មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ កម្លាំងបានធ្វើការឃាត់ខ្លួនបាន ជនសង្ស័យចំនួន០២នាក់ រួមមានឈ្មោះៈ
០១. សំរិត ឡុង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅសព្វថ្ងៃ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
០២. រិទ្ធ ផល្លា ហៅដា ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមាន ទីលំនៅសព្វថ្ងៃ ភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
មន្ត្រីដដែលបានបន្តឱ្យដឹងថា ទៀតថា ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងបានបញ្ចូនខ្លួនជនសង្ស័យទៅ បញ្ជាការដ្ឋានខេត្តដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យ ក៏បានសារភាពថា ពួកគេនៅសល់បក្ខពួកចំនួន០២នាក់បន្ថែមទៀត។ បន្ទាប់ពីទទួលបានចម្លើយសារភាព របស់ជនសង្ស័យ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបួងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង ក៏ចេញប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នោះភ្លាមៗ ស្ថិតនៅចំណុច ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុងបានបន្តឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបន្ថែមនោះរួមមានឈ្មោះៈ
០១. ម៉ើត យូសុះ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករំណង់ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
០២. មឿន រិទ្ធធីតា ហៅដា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន ២៣ កញ្ចប់ ដែលមានទម្ងន់ស្មើ ៤.៧០ក្រាម ០២. ថ្មាំញៀន ប្រភេទមេតំហ្វេតាមីន( W Y)ចំនួន៣៧គ្រាប់
០៣. ម៉ូតូ០១ គ្រឿងម៉ាកZOOMERX ពណ៍ខ្មៅ ក្រហម ខៀវ ពាក់ស្លាកលេខថៃ៣៥៩ ។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនជនសង្ស័យបន្ត តាមនីតិវិធី។