កណ្តាល ៖ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំលោក លោកស្រី មេបញ្ជាការរងខេត្ត រងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាំយកថវិកា ដែលបានមកពីការចូលរួមដោយស្ម័គ្រចិត្តពីនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តចំនួន ០៥លានរៀល និងអង្ករចំនួន ០១តោន ទៅប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដើម្បីចូលរួមអបអរខួបលើកទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ “។ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះឯកឧត្តម ប្រធាន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតនិងសូមសម្តែងនូវការកោតសរសើរពីសន្តានចិត្តដ៏សប្បុរសធម៌ ថ្លៃថ្លា ជូនចំពោះលោក មេបញ្ជាការ លោក លោកស្រី មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ទាំងអស់ ដែលបានឧបត្ថម្ភថវិកានិងអង្ករ ប្រចាំឆ្នាំ២០២១ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត។ ព្រមទាំងប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ ជូនចំពោះ លោក មេបញ្ជាការ លោក លោកស្រី មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។