កំពង់ចាមៈ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីមនុស្សឃាតគិតទុកជាមុន ស្ថិតនៅចំណុចផ្លូវកែងក្រោយបន្ទាយទាហាន ស្ថិតក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។
បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថស្រុកកំពង់សៀម បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ គា រាវី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួច ជនសង្ស័យត្រូវបានបញ្ចូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរពត៌មានបន្ថែម។
បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានសារភាពថា រូបគេមានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះជាយូរមកហើយ លុះដល់ថ្ងៃកើតហេតុ វេលាម៉ោង២១ និង០០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ រូបគេបានតាមដានសកម្មភាពជនរងគ្រោះ ប៉ុន្តែពុំទាន់មានឱកាសកាប់ទៅលើជនរងគ្រោះ លុះដល់កន្លែងកើតហេតុ ដោយបរិយាកាសអំណោយផល ទើបរូបគេមានឱកាសក្នុងការកាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសលើក្បាលផ្នែកខាងឆ្វេងជាទម្ងន់។
មន្ត្រីកងរាជអាវុធហត្ថដដែល បានបន្តឱ្យដឹងថាទៀតថា ជនរងគ្រោះមានឈ្មោះ តុន ស៊ីទ័ព ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។