ភ្នំពេញៈ នៅវេលាម៉ោង១៥ និង០០នាទី រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងជួញដូរនូវសារធាតុញៀន០១លើក ស្ថិតនៅចំណុច ម្តុំផ្លូវរថភ្លើង ផ្ទះជួលលេខ៣៤ ផ្លូវរថភ្លើង ភូមិ២១ ក្រុម១០១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅបានដោយមានការសហការ ពីអាជ្ញាធរខណ្ឌទួលគោក ក្រោមការដឹកនាំដោយផ្ទាល់ពី លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ។
មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យទាំង០៣នាក់នេះ គឺជាមុខសញ្ញាដែល ចែកចាយគ្រឿងញៀនដ៏សកម្ម នៅក្នុងរាជធានីភ្នំពេញ ដែលកម្លាំងកងរាជអាវុធហត្ថតាមដាននូវសកម្មភាព របស់ពួកគេជាយូរមកហើយ។
មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២៤៣កញ្ចប់
០២. ម៉ូតូ ចំនួន០២គ្រឿង
០៣. សម្ភារៈសំរាប់វេចខ្ចប់ និងសម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។