បន្ទាយមានជ័យៈ នៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការតាមដាន និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតហើយ ក្នុងចំណោមបក្ខពួកចំនួន០៦នាក់ ពាក់ព័ន្ធករណីលួច ដោយហិង្សា កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅចំណុច
បរិវេនក្រុមហ៊ុនកាស៊ីណូផ្កាយប្រាំ ក្នុងភូមិក្បាលស្បាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ GRK News ថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះមានឈ្មោះ សរ បូរី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ចូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។
បន្ទាប់ពីធ្វើការសាកសួររួចមក នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកទាំង០៥នាក់ទៀត ពិតជាបានធ្វើសកម្មភាពដេញវាយកម្មករជាច្រើននាក់ដែលផឹកស៊ី នៅជិតខ្លួនពិតប្រាដកមែន ហើយរូបគេធ្លាប់ធ្វើសកម្មភាពឆក់ និងវ៉ៃគេយកទូរស័ព្ទចំនួន០៤លើក មកហើយ។ ជនសង្ស័យបានឆ្លើយទៀតថា រាល់ពេលធ្វើសកម្មភាព រូបគេ និងបក្ខពួក តែងតែកាន់ដំបងជ្រុង ខ្លះទៀតកាន់ដែកបំពង់ទីប ញញួរ។
ជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។