ព្រះសីហនុៈ នៅវេលាម៉ោង០៧ និង១០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
បើតាមសំដី លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅតាមដីការបង្គាប់អោយចូលខ្លួន របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ លេខ១២ តព/១៦ ខេត្តព្រះសីហនុ ចុះថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦។
លោក ឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ ទូច ទិត្យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
លោក ឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យក វត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. កាំភ្លើងកែច្នៃខ្យល់ចំនួន០១ដើម
០២. ដាវចំនួន០២ដើម
០៣. ទូរសព្ទដៃ០៤គ្រឿង
០៤. ដបជក់ចំនួន០១ដប
០៥. ដែកកេះចំនួន០៤
០៦. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១
០៧. សំភារះកែច្នៃកាំភ្លើង និងគ្រាប់បាដាងចំនួន០៤គ្រាប់
០៨. កន្រ្តៃចំនួន០១ដើម។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។