សៀមរាប៖ នៅវេលាម៉ោង១៥:២៥ នាទី ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋត្រង់ចំណុចខាងលិចស្តុបលោកតាណឺយចម្ងាយ៥០ម៉ែត្រ ជាប់ផ្លូវជាតិលេខ៦A ស្ថិតក្នុងក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថក្រុង និងខេត្ដសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប និងកម្លាំងស្នងការនគរបាលខេត្ត និងអាជ្ញាធរអប្បរា បានសហការពន្លត់ដោយប្រើប្រាស់ឡាងទឹកសរុបចំនួន ៧គ្រឿង បាញ់ទឹកអស់ចំនួន ២៤ឡាន ហើយអគ្គីភ័យត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង១៦:១៥នាទីថ្ងៃខែឆ្នាំដដែល។
ករណីនេះដោយសារជនបង្ករឈ្មោះ បូ សុធារី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរដើរសុំទាន(សតិពុំគ្រប់) ទីលំនៅពុំពិតប្រាកដ បានមកស្នាក់នៅបណ្ដោះអាសន្នក្នុងទីតាំងផ្ទះខាងលើ លុះដល់ម៉ោងកើតហេតុឈ្មោះខាងលើបានបង្កាត់ភ្លើងដើម្បីដាំបាយ មិនប្រយ័ត្នបណ្ដាលឲ្យភ្លើងឆេះផ្ទះតែម្ដង។
ហេតុការនេះពុំបណ្ដាលឲ្យគ្រោះថ្នាក់ ឫរងរបួសដល់មនុស្សណាម្នាក់ឡើយ ចំណែកផ្ទះចំនួន០៤ខ្នង
១.ម្ចាស់ផ្ទះឈ្មោះសេង ហួត ភេទប្រុសឆេះផ្ទះ១ខ្នង ទំហំ៨x១០ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី(ម្ចាស់ទុកចោល ឆេះទាំងស្រុង)។
២.ម្ចាស់ឈ្មោះ វ៉ាញ សុខលក្ខិណា ភេទស្រី អាយុ៣០ឆ្នាំ ឆេះផ្ទះទំហំ៨x១២ម៉ែត្រ កំពស់៣ជាន់ ធ្វើពីថ្ម(ខូចខាតជញ្ជាំងខាងក្រោយ៣០% និងសម្ភារៈមួយចំនួន)។
៣.ម្ចាស់ផ្ទះឈ្មោះ អ៊ា សោមភារដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំឆេះផ្ទះទំហំ២.៨+៣.៣ម៉ែត្រ x ១៨ម៉ែត្រ ខូចខាតជញ្ជាំងខាងក្រោយ១០% និងឆេះបណ្ដាញទុយោទឹក។
៤.គ្រឹះស្ថានណុងហីប ហ្វាយនែន(ខេមបូឌា)ម.កខូចខាតជញ្ជាំងប្រហែល២០%។