ភ្នំពេញៈ វេលាម៉ោង០៨ និង០០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅការងារ ប្រចាំខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន
កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ស្នងការរង លោកនាយការិយាល័យ មេបញ្ជាការ កងអន្តរាគមន៍ ព្រមទាំងមេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថរាជធានី ខេត្ត ជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។ យោងតាមរបាយការណ៍ ស្តីពី លទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០១៦ ដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កងរាជអាវុធហត្ថបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ការពារប្រតិភូជាតិ អន្តរជាតិ ក្នុងដំណើរទស្សនកិច្ច រាល់កិច្ចប្រជុំតូច ធំបានល្អប្រសើរ។ ក្នុងខែសីហានេះ អំពីបទល្មើសបានកើតឡើងចំនួន១៨ករណី ស្មើនឹង៣៦៧លើក ក្នុងនោះ៖ បទល្មើសឧក្រិដ្ឋកើតមាន០៧ករណី ស្មើនឹង១៤៩លើក និងបទល្មើសមជ្ឈិមកើតមាន១១ករណី ស្មើនឹង២១៨លើក។ ក្នុងនោះកងរាជអាវុធហត្ថបង្ក្រាបបានចំនួន១៩៤លើក (បទឧក្រិដ្ឋបង្ក្រាបបាន៩០លើក និងបទមជ្ឈិមបង្ក្រាបបាន១០៤លើក) ជាក់ស្តែងស្រាវជ្រាវបង្ក្រាបបទល្មើសរួមមានៈ
០១. លួចដោយស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ)បានចំនួន០៦លើក
០២. ឃាតកម្មចំនួន០៥លើក
០៣. រំលោភសេពសន្ថវៈចំនួន០២លើក
០៤. ការជួញដូរមនុស្សចំនួន០១លើក,
០៥. បង្ខាំងមនុស្សដោយខុសច្បាប់ចំនួន០១លើក
០៦. លួចចំនួន៣៣លើក
០៧. ការកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតចំនួន០៤លើក
០៨. ហិង្សាដោយចេតនាចំនួន១៨លើក
០៩. បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃចំនួន២លើក
១០. ប្រទូស្តកេរ្តិ៍ខ្មាស់ចំនួន០១លើក
១១. ការជួញដូរចែកចាយគ្រឿងញៀន៧៥លើក
១២. ការប្រើប្រាស់គ្រឿងញៀនចំនួន២០លើក
១៣. បទរំលោភលើសេចក្តីទុកចិត្ត០៧លើក
១៤. ល្បែកស៊ីលងចំនួន០៤លើក…។
ក្រៅពីការងារស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថបានចូលរួមធ្វើប្រតិបត្តិការ ការពារសន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់និងបទបញ្ជា ការងារជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ។ល។ ទន្ទឹមនឹងនោះដែរ កងរាជអាវុធហត្ថទូទាំងប្រទេសបានខិតខំប្រឹងប្រែងការកសាងអង្គភាព ជំរំជម្រក ការងារអប់រំហ្វឹកហ្វឺន ការងារធានាជីវភាព ធានាមធ្យោបាយសម្ភារៈ ព្រមទាំងការងាររដ្ឋបាលអធិការកិច្ច។