ភ្នំពេញៈ នៅវេលាម៉ោង០១ និង០០នាទី ទាបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីឆបោក ស្ថិតនៅចំណុច មុខក្លឹបកំសាន្តថប ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានបញ្ចូនជនសង្ស័យទៅមូលដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ។
បើតាមសំដីលោក សូដា ភ្នាក់ងារ GRK News បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលត្រូវជាមិត្តស្រី របស់ជនសង្ស័យ។
ភ្នាក់ងារបានបន្តឱ្យដឹងទៀតថា ជនរងគ្រោះ បានស្រលាញ់គ្នាជាមួយជនសង្ស័យ ប្រហែលជា០៥ខែមកហើយ រួចមុនពេលកើតហេតុ យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យ និងជនរងគ្រោះ បានចូលទៅលេងក្នុងក្លឹបកំសាន្តថប ដែលមានអាស័យដ្ឋាននៅ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ ជាមួយគ្នា, ក្រោយមកពេលដែលចេញទៅផ្ទះវិញ ជនសង្ស័យដែលជាមិត្តប្រុសនោះ បានខ្ចីម៉ូតូរបស់ជនរងគ្រោះថា ទៅទិញបារីបន្តិច តែក៏ទៅបាត់រហូត លុះដល់យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ទើបជនរងគ្រោះដែលជាមិត្តស្រី ប្រទះឃើញជនសង្ស័យ ក៏បានរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថអោយធ្វើការឃាត់ខ្លួន។
ភ្នាក់ងារដដែលបានបន្តឱ្យដឹងទៀតថា នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើដូចអ្វីដែលជនរងគ្រោះ ចោទប្រកាន់ពិតប្រាកដមែន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បញ្ចូនទៅ កងរាជអាវុធហត្ថរាជធានី ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។