ស្វាយរៀង៖ នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រជុំជួរបញ្ជាការ ស្តីពីរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១។ សមាសភាពចូលរួម លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ និងលោក លោកស្រី នាយការិយាល័យដែលមានការពាក់ព័ន្ធទាំងអស់។
ថ្លែងនាឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើដល់នាយទាហាន នាយទាហានរងទាំងអស់ដែលខិតខំកន្លងមកទាំងការការពារ ថែទាំសុខភាព ការធ្វើអនាម័យ សម្អាតអង្គភាពដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកមេបញ្ជាការ បានជំរុញឱ្យតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាពិសេស កងរាជអាវុធហត្ថខេត្ត ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យបានម៉ឺងម៉ាត់ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងណែនាំដល់សមាជិកក្រុមគ្រួសាររបស់ខ្លួនម្នាក់ៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាចុងក្រោយលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានផ្ដាំផ្ញើ និងជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់ជៀសផុតពីជំងឺកូវីដ-១៩ មានសុខភាពល្អគ្រួសាររកស៊ីទទួលទានមានបានគ្រប់ៗគ្នា ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ឱ្យធ្វើ៕