You are currently viewing ពិធីសម្ពោធសមិទ្ធផលនានាក្នុងរយៈពេល១ឆ្នាំ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16

ពិធីសម្ពោធសមិទ្ធផលនានាក្នុងរយៈពេល១ឆ្នាំ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16

ត្បូងឃ្មុំ៖ សមិទ្ធផលនានា រួមមានសាលាសំណាក់ ស្រះទឹក បន្ទប់អនាម័យ វេទិកាប្រារព្ធពិធី ទីលានបាល់ទាត់ ការដាំកូនឈើទាល ស្ថិតនូវចំណុច X១៦ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរ សម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអបអរខួបលើកទី៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២១)។ សូមបញ្ជាក់ថា៖ ការសាងសង់អគារវេទិកាអចិន្ត្រៃយ៍១ខ្នងនេះ គឺសម្រាប់ងាយស្រួលក្នុងការរៀបចំប្រារព្ធពិធីផ្សេងៗ ដែលវេទិកានេះ បានសាងសង់ឡើងតាមរចនាបទខ្មែរ មានទំហំ ទទឹងប្រវែង៦,១ម៉ែត្រ បណ្តោយប្រវែង៤៧ម៉ែត្រ កម្ពស់១ជាន់ អគារវេទិកានេះ ចំណាយថវិកាចំនួន ១៨១.៩៦៣ដុល្លារ។
ស្របពេលជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចូលរួមពិធីសម្ពោធសិលាចារិកជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលទីតាំងសិលាចារិកនេះ កាលពី៤៤ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀត បានឆ្លងកាត់ព្រំដែនឈប់សំរាកនៅចំណុចសិលាចារឹកន រង់ចាំពេលទាបភ្លឺ ដើម្បីចូលទៅក្នុងប្រទេសវៀតណាម។ ក្នុងឱកាសប្រារព្ធខួបលើកទី៤៤ សម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានអញ្ជើញចូលរួម បើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាពកម្ពុជា វៀតណាមនៅចំណុច X-១៦។
សូមបញ្ជាក់ផងដែរថា៖ ការសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម មានទំហំ ទទឹងប្រវែង១៨ម៉ែត្រ បណ្តោយ៦៣ម៉ែត្រ កម្ពស់២ជាន់ ចំណាយថវិកាចំនួន ១,០២៨,៥១០ដុល្លារ ក្នុងនោះក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួយឧបត្ថម្ភថវិកាក្នុងការសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម នេះ ចំនួន ១,១២៧,១១៤ ដុល្លារ ៕