ព្រះសីហនុ៖ អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំដល់លោកមេបញ្ជាការរាជធានី-ខេត្ត ទាំង២៥ យកចិត្តទុកដាក់គិតគូរជួយដោះស្រាយចំពោះសុខទុក្ខ ការលំបាកក្នុងជីវភាពរស់នៅរបស់មន្រ្តី និងគ្រួសារកងរាជអាវុធហត្ថក្រោមឱវាទ ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងន់ ខ្វះខាត មរណៈភាព ចូលសោធននិវត្តន៍។ ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោកប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ ព្រមទាំងសហការី ជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកាមូនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជូនដល់គ្រួសារកងរាជអាវុធហត្ថ និងអតីតសមាជិកកងរាជអាវុធហត្ថខេត្ត ដែលបច្ចុប្បន្នកំពុងជួបការលំបាក ខ្វះខាត ចំនួន ០៣គ្រួសារ។
ថវិកាមូនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលគ្រួសារកងរាជអាវុធហត្ថ និងអតីតសមាជិកកងរាជអាវុធហត្ថខេត្ត ទទួលបាននាពេលនេះ បានមកពីការចូលរួមចំណែកដោយការស្ម័គ្រចិត្ត ឧបត្ថម្ភថវិកាតាមសទ្ធាចិត្តជ្រះថ្លារបស់ថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ សរុបទឹកប្រាក់ចំនួន ១០.៣០០.០០០រៀល។
ក្នុងឱកាសនេះ គ្រួសារកងរាជអាវុធហត្ថ និងអតីតសមាជិកកងរាជអាវុធហត្ថខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដ៏ល្អថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជួយដោះស្រាយសម្រាលបន្ទុកនូវការលំបាកចំពោះមុខ និងសូមជូនពរថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឱ្យជួបប្រទះតែពុទ្ធពរជ័យទាំង៥ប្រការ និងទទួលបានការស្រលាញ់គាំទ្រ ជាមួយនឹងភាពចម្រុងចម្រើនក្នុងអង្គភាព។