បន្ទាយមានជ័យ៖ នៅវេលាម៉ោង១២ និង ៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានក្រុមក្មេងស្ទាវ១ក្រុមបានធ្វើសកម្មភាពជិះម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ខ្មៅ១គ្រឿង និងម៉ូតូម៉ាកហុងដាCD ពណ៌ខ្មៅ១គ្រឿង បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ និងដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសដៃខាងឆ្វេង០១កន្លែង និងខូចខាតម៉ូតូ ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងស្ទាវបានបើកម៉ូតូរត់គេចខ្លួនបាត់អស់។
ដោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងអាវុធហត្ថបានចុះដល់កន្លែងកើតហេតុរហូតដល់ថ្ងៃទី២១ ថ្ងៃ ខែ ឆ្នាំ ដដែលកម្លាំងបានរកឃើញក្រុមក្មេងស្ទាវនៅចំណុចតារាងបាល់តាកី ស្ថិតក្នុងភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងបានឃាត់ខ្លួនតែក្រុមក្មេងស្ទាវដឹងខ្លួនទាន់ហើយរត់គេចខ្លួនអស់ បន្សល់ទុកនៅតែម៉ូតូ១គ្រឿងម៉ាកស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-6386 ។
ករណីខាងលើនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណនៅតែបន្តធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យូរ បញ្ញា ហៅខ្នារ ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចផ្លូវចុះរោងចក្រទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដាCD ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-4750 ដែលជាម៉ូតូជិះធ្វើសកម្មភាព ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ចំណែកបក្សពូកកម្លាំងកំពុងបន្តស្រាវជ្រាវ៕