បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមដំណើរជាមួយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញនាំយកថវិកាឧបត្ថម្ភដែលមានមកពីការចូលរួមចំនួន ៣លានរៀលជូនដល់ពលករខ្មែរ២នាក់(ម្ដាយនិងកូន)ដែលបានចាញ់បោកមេខ្យល់ នាំមកពីប្រទេសថៃឆ្លងមកកម្ពុជា ហើយត្រូវបានទម្លាក់ចោលនៅក្នុងចម្ការមីន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នារីពលកររងគ្រោះឈ្មោះ ប៉ុក ណាលីន អាយុ២៦ឆ្នាំបានបញ្ជាក់ឱ្យដឹងថា ដោយមានការភ័យខ្លាចពេកព្រោះយប់ងងឹតខ្លាំងទើបខ្លួននិងកូនធ្វើដំណើរដោយមិនបានប្រុងប្រយ័ត្នទើបធ្វើឱ្យខ្លួនដើរធ្លាក់គ្រលុកបណ្ដាលឱ្យបាក់កជើងខាងស្ដាំតែម្ដង។
ដោយឃើញបែបនេះកម្លាំងចម្រុះដែលល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបិទខ្ទប់ពលករចាកចេញពីប្រទេសថៃមកកម្ពុជាវិញបានរាយការណ៍ជូនថ្នាក់ដឹកនាំ បន្ទាប់មក៏មានការសហការជាមួយក្រុមគ្រូពេទ្យដើម្បីសង្រ្គោះបន្ទាន់ និងធ្វើទេស្តរហ័សដើម្បីរកមេរោគកូវីដ-១៩ផងដែរ ។
ក្រោយពីធ្វើទេស្តរហ័សរួចជាលទ្ធផលឃើញថាម្ដាយវិជ្ជមានកូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យបង្អែកស្រុកថ្មពួកដឹកជញ្ជូនយកទៅសម្រាកព្យាបាលមុខរបួសផង និងព្យាលជំងឺកូវីដ-១៩ផង នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
ឆ្លៀតក្នុងឱកាសនោះដែរថ្នាក់ដឹកនាំបានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលើកទី២ ដូសទី២ ចំនួន២ទីតាំងក្នុងស្រុកមង្គលបូរី រួចបន្តចុះត្រួតពិនិត្យអាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីដែលកំពុងសាងសង់បានប្រហែល៧០%ផងដែរ ៕