រតនគិរី៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ជា គឹម រដ្ឋាមេបញ្ជាការរងស្រុក បានហការជាមួយកម្លាំងនគរបាល និងកម្លាំងបរិស្ថានបានចុះពិនិត្យលើការដាក់ឱសានវាទឱ្យគ្រួសារឈ្មោះ ទេព កែវ ដែលបានធ្វើកិច្ចសន្យាសុំរយៈពេល ១៥ថ្ងៃ គិតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ធ្វើការរុះរើ និងចាកចេញពីលើដី ត្រង់ចំណុចនិយាមកា (673605,1486446) ស្ថិតក្នុងតំបន់ការពារធម្មជាតិ (អតីតដីដែលក្រុមហ៊ុនហ័ងអាញ់អណ្ដូងមាស បានខ្ចីពីក្រសួងបរិស្ថាន) ស្ថិតនៅភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី ពេលចុះជាក់ស្ដែង គ្រួសាររបស់ឈ្មោះ ទេព កែវ បានរុះរើ និងចាកចេញពីលើដីដូចខាងលើនេះហើយ។
ប៉ុន្តែមានឈ្មោះ ជិន ហៀង ភេទស្រី អាយុប្រហែលជាង ៥០ឆ្នាំ ជនជាតិខ្មែរ បានចូលមកស្នាក់នៅក្នុងផ្ទះនោះ និងបានអះអាងថាខ្លួនបានទិញផ្ទះនេះពីក្រុមហ៊ុនវៀតណាម ហើយថាខ្លួនមិនព្រមចាកចេញពីទីនេះជាដាច់ខាត ក្រុមការងារបានព្យាយាមពន្យល់ណែនាំដល់ឈ្មោះ ជិន ហៀង ឲ្យបានយល់ពីមូលហេតុ និងច្បាប់ ប៉ុន្តែឈ្មោះ ជិន ហៀង នៅតែមិនព្រមស្ដាប់តាមការណែនាំរបស់យើងឡើយ។
ឃើញដូច្នេះ ក្រុមការងារបានសុំការអនុញ្ញាតពី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ដើម្បីនាំខ្លួនឈ្មោះ ជិន ហៀង ទៅធ្វើការបំភ្លឺនៅឯមន្ទីរបរិស្ថានខេត្តរតនគិរី។ ក្រុមការងារក៏បានបន្តរុះរើខ្ទមចំនួន៤ខ្នង ដែលខ្ទមចំនួន ២ ប្រក់តង់កៅស៊ូ ចំនួន ១ប្រក់ស័ង្គសី និងចំនួន ១មិនទាន់ប្រក់។