កំពង់ឆ្នាំងៈ នៅវេលាម៉ោង១៣ និង៣០ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា ស្ថិតនៅចំណុចមុខផ្ទះសំណាក់ សាន់ដេ១ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
បើតាមប្រភពពត៌មានពី លោកអនុសេនីយ៍ឯក ខឹម វណ្ណារឹទ្ធ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ សួន លីន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តឱ្យដឹងទៀតថា មូលហេតុដែលបង្កអោយមានអំពើហិង្សានេះ កើតឡើង ដោយសារទំនាស់ពាក្យសំដី ទើបធ្វើអោយជនសង្ស័យ ទប់កំហឹងមិនបាន ក៏បានវាយទៅលើជនរងគ្រោះតែម្តង បណ្តាលអោយជនរងគ្រោះបែក្បាល។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែម កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។