You are currently viewing កងរាជអាវុធហត្ថទាំងអស់បាននិងកំពុងយកចិត្តទុកដាក់​ការរក្សាការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម

កងរាជអាវុធហត្ថទាំងអស់បាននិងកំពុងយកចិត្តទុកដាក់​ការរក្សាការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយដែលមានវប្បធម៌ ប្រពៃណី និងទម្លាប់ដ៏ល្អផូរផង់តាំងពីយូរលង់ណាស់មកហើយ។ ប្រជាជនខ្មែរតែងតែគោរពប្រតិបត្តិនិងរំលឹកដោយធ្វើពិធីបុណ្យសែនព្រេនផ្សេងៗ ដើម្បីរក្សាបានគង់វង្សនូវវប្បធម៌ ប្រពៃណី និងទម្លាប់ដ៏ល្អនេះ ព្រមទាំងសុំសេចក្តីសុខក្សេមក្សាន្តផងដែរ។ ជាក់ស្តែងនាពេលខាងមុខនេះ នឹងមានពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន ព្រះរាជពិធីអុំទូក បណ្តែតប្រទីត សំពះព្រះខែ អកអំបុក…។

បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីនៃព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនជាតិខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងទៀតក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។ ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញាដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។

ចំណែកឯបុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង មានរយៈពេលកំណត់តែ២៩ថ្ងៃ វត្តមួយទទួលបានតែអង្គកឋិនមួយ ជាទានមានផលានិសង្សខ្ពស់ទាំងទាយកទាយិកាអ្នកឱ្យ និងទាំងបដិគ្គាហកៈអ្នកទទួល ជាទីជ្រះថ្លានិងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធរៀងរាល់ឆ្នាំ។ ជាមួយគ្នានេះដែរ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចនឹងទទួលបាននូវសម្ភារ ថវិកាសម្រាប់ បម្រើការកសាងទីសេនាសនៈនៅក្នុងវត្តមានព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គមនិងវិស័យសង្គមកិច្ចផងថែមទៀត។ ឆ្នាំនេះ កឋិនទាននឹងប្រព្រឹត្តទៅពីថ្ងៃទី១រោច ខែអស្សុជដល់ថ្ងៃ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី១៧ ខែតុលាដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ដើម្បីបើកឱកាសប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទបំពេញកុសលតាមសទ្ធាជ្រះថ្លា មានលទ្ធភាពធ្វើបដិការគុណ គោរពតបស្នងសងគុណ មាតាបិតា ជីដូនជីតា អាណាព្យាបាល គ្រូឧបជ្ឈាយាចារ្យ តាមជំនឿនិងបានរួមចំណែកថែរក្សានូវប្រពៃណី ទម្លាប់ ជំនឿសាសនា វប្បធម៌ អរិយធម៌ ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិឱ្យបានគង់វង្ស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវផែនការណែនាំលេខ៤១/២០១៦ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទី សំពះព្រះខែ អកអំបុក ដូចខាងក្រោម៖
ក្នុងគោលបំណងដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយក្នុងពិធីបុណ្យដំណើរការបានល្អប្រសើរ ប្រកបដោយភាពសប្បាយរីករាយ។ ទន្ទឹមនឹងនេះបណ្តាអង្គភាពត្រូវប្រមូលផ្តុំកម្លាំងគ្រប់គ្រងម៉ឺងម៉ាត់នូវមធ្យោបាយ សម្ភារៈបរិក្ខារ ធានាគ្រប់លទ្ធភាពបំពេញប្រតិបត្តិការ និងត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកាតព្វកិច្ចការរបស់ខ្លួនសម្រេចបានជោគជ័យតាមគោលបំណងខាងលើ។ វិធានការអនុវត្តជាក់ស្តែងមានដូចតទៅ៖
–ត្រូវមានការទប់ស្កាប់ បង្ការ បង្ក្រាបជាមុន ដោយខិតខំស្រាវជ្រាវក្តាប់ឱ្យបាននូវព័ត៌មានទាក់ទងរាល់បទល្មើសផ្សេងៗ
–ត្រូវសហការជិតស្និទ្ធជាមួយកម្លាំងនគរបាលជាតិនិងកម្លាំងសមត្ថកិច្ចឈរជើងក្នុងមូលដ្ឋាន អាជ្ញាធរគ្រប់ថ្នាក់ ដើម្បីទទួលខុសត្រូវក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយត្រូវចាត់វិធានការម៉ឺងម៉ាត់គ្រប់កាតព្វកិច្ចប្រតិបត្តិការ
–គ្រប់អង្គភាពត្រៀមកម្លាំងអន្តរាគមន៍ ប្រចាំការ ប្រចាំបញ្ជា កម្លាំងប្រចាំប្រតិបត្តិការ មធ្យោបាយ គ្រឿងបំពាក់ សម្ភារៈបរិក្ខារ ត្រូវធានាគ្រប់លទ្ធភាពអន្តរាគមន៍និងការជួយសង្គ្រោះនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗដែលកើនមានឡើងទាន់ពេលវេលា
–គ្រប់គ្រងធានាចាត់ចែងប្រព័ន្ធវិទ្យុទាក់ទងគ្រប់ថ្នាក់ គ្រប់មុខសញ្ញានៃកម្លាំងប្រតិបត្តិការទាំងអស់។
ដូចបានជម្រាបជូនខាងលើ ការរក្សាការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់អាចសម្រេចបានជោគជ័យទាល់តែមានការសហការចូលរួមផ្តល់ព័ត៌មាននានាពីសំណាក់សាធារណជននិងអ្នកសារព័ត៌មានមកកងរាជអាវុធហត្ថផងដែរ។ កងរាជអាវុធហត្ថនៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសូមស្វាគមន៍ដោយក្តីរីករាយនិងអរគុណចំពោះការសហការចូលរួមនេះ។ (អេង ហ៊ី)

img_6303

img_6304