សៀមរាបៈ នៅវេលាម៉ោង១៦ និង៣០ ល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា ដោយបានវាយទៅលើជនរងគ្រោះជាអនីតិជន បណ្តាលអោយរងរបួសជាទម្ងន់ ស្ថិតនៅចំណុចភូមិ៦ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប ។
បើតាមប្រភពពត៌មានពី លោកវរសេនីយ៍ទោ ថា ដាលុច មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ
វ៉ែន រ៉ាដេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកកាណូត ទីលំនៅភូមិ៦ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅតាម ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ គី គា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរម៉ាស្សា ទីលំនៅភូមិ១ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែមអំពីករណីហិង្សានេះ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។