ភ្នំពេញៈ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសថៃ្ងទី០៩ខែកញ្ញាឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលបន្ទុកផែនកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ដល់នាយទាហាននៃកងរាជអាវុធហត្ថតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង
នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ ស្នងការ ស្នងការរង ព្រមទាំងនាយការិយាល័យ នាយអាវុធហត្ថ ជាច្រើនរូបទៀត។ យោងតាមប្រកាសរបស់ក្រសួងការពារជាតិលេខ២៣៦.ត.ត.០៨១៦ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារនាយទាហានចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ បានតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖
១.លោកឧត្តមសេនីយ៍ត្រី ស៊្រុន គឹមស្រៀង នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជានាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
២.លោកឧត្តមសេនីយ៍ត្រី វ៉ាស៊ិន ភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជានាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣.លោកឧត្តមសេនីយ៍ត្រី សាយ សុគន្ធ នាយការិយាល័យអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឥឡូវជានាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤.លោកឧត្តមសេនីយ៍ត្រី ស៊ឹម ហុង នាយការិយាល័យ គ្រប់គ្រងភូមិសាស្ត្រ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជានាយការិយាល័យអធិការកិច្ចបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥.លោកវរសេនីយ៍ឯក ទេព សារ៉ាន មេបញ្ជាការរង និងជាប្រធានមន្ទីស្រាវជ្រាវយុត្តិធម៏ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជាស្នងការរងផែនកសាងកម្លាំង បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦.លោកវរសេនីយ៍ឯក ហាន វុទ្ធី នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឥឡូវជានាយការិយាល័យបុគ្គលិក បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕ នៅក្នុងឱកាសពិធីប្រកាសនោះដែរ!ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មានប្រសាសន៍ថា ការផ្លាស់ប្តូរភារកិច្ចគឺជារឿងធម្មតានិងធ្វើឲ្យយើងទទួលបាននូវបទពិសោធន៍ជាច្រើនក្នុងការងារដឹកនាំរវាងការិយាល័យ មួយទៅការិយាល័យមួយទៀត មិនតែប៉ុណ្ណោះបានធ្វើឲ្យយើងស្គាល់កាន់តែច្បាស់ នូវកិច្ចការងារទាំងឡាយណាដែលអនុវត្តដោយច្បាប់។ ជាមួយនោះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ ដែលទើបបានទទួលមុខតំណែងផ្លាស់ប្តូរ នៅថ្ងៃនេះត្រូវតែអនុវត្ត និងបន្តកិច្ចការងារពីនាយការិយាល័យចាស់ ធ្វើមិនទាន់ហើយ និងត្រូវបន្តដឹកនាំធ្វើការពង្រឹងក្របខណ្ឌចាត់តាំងអោយស្របទៅតាមជំនាញឯកទេសរបស់ខ្លួននីមួយៗ។ដោយទទួលខុសត្រូវអោយបានច្បាស់លាស់ដើម្បីពង្រឹងប្រសិទ្ធិភាពការងារធានាបានទាំងបរិមាណ គុណភាព និងប្រកបដោយជោគជ័យ៕