សៀមរាបៈ នៅវេលាម៉ោង១៥ និង៣០ រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីលួច ស្ថិតនៅចំណុចភូមិមណ្ឌល២ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
បើតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ យី កាន់ដាសោភ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកផ្សារទំនើបធីការ៉េ ទីលំនៅភូមិវត្តបូព៌ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ភ្នាក់ងារដដែលបានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅតាម ពាក្យបណ្តឹងរបស់ម្ចាស់ផ្សារទំនើបធីការ៉េ ដែលចោទប្រកាន់ទៅលើជនសង្ស័យថា បានលួចឥវ៉ាន់នៅក្នុងផ្សារ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែមអំពីករណីលួចនេះ។
បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានធ្វើដូចអ្វីដែលជាការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។
ភ្នាក់ងារ GRK News បានបញ្ជាក់បន្ថែមទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. នាឡិកាចំនួន០៣គ្រឿង
០២. ទឹកអប់ចំនួន០១ដប
០៣. ក្រវិលចំនួន០១គូរ
០៤. កាបូបដាក់ប្រាក់ចំនួន០៤
០៥. ខ្សែដៃចំនួន០២ និងសំភារៈមួយចំនួនទៀត។
ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។