ភ្នំពេញៈ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចបន្ទប់គ្មានលេខ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅបាន ដោយមានការសហការ ជាមួយកម្លាំងការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឆែកឆេរផ្ទះនៅចំណុចកើតហេតុខាងលើ ដោយបានការអនុញ្ញាតិពី លោកព្រះរាជអាជ្ញាររង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៧កញ្ចប់
០២. ទូរស័ព្ទចំនួន ០៤គ្រឿង
០៣. លុយខ្មែរ ចំនួន១២០០០០រៀល
០៤. លុយដុល្លាចំនួន១០ដុល្លា
០៥. ដប់ជក់ និងសម្ភារៈសម្រាប់សេព និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី។