You are currently viewing រយៈពេលជាង០៤ឆ្នាំ ដោយស៊ូទ្រាំលែងបាន ទើបប្រពន្ធដាច់ចិត្តប្ដឹងសមត្ថកិច្ចចាប់!

រយៈពេលជាង០៤ឆ្នាំ ដោយស៊ូទ្រាំលែងបាន ទើបប្រពន្ធដាច់ចិត្តប្ដឹងសមត្ថកិច្ចចាប់!

បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានប្រាប់ឱ្យដឹងថា ក្រោយពីការិយាល័យបង្ក្រាបការជួញដូរមនុស្សទទួលបានពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះឈ្មោះ យ៉េត លីន អាយុ៣៤ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងប្ដីរបស់គាត់ ឈ្មោះ ឡេង លឿង អាយុ៤១ឆ្នាំ ជក់ថ្នាំញៀនរួចប្រើអំពើហិង្សាមកលើរូបគាត់និងក្រុមគ្រួសារ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។

 

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានចាត់តាំងកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងកងអន្តរាគមន៍ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាំង សុភ័ក្រ ចុះឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង១៥ និង០៥នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះជាប្រពន្ធ ព្រមទាំងដកហូតបានកាំបិតដងឈើប្រវែង២៨សង់ទីម៉ែត្រចំនួន០១ដើម រួចនាំយកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ ។

 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ទៀតថា ក្រោយពីកម្លាំងការិយាល័យជំនាញសាកសួររួច ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនជាប្រចាំយូរឆ្នាំមកហើយ ពេលខ្លួនប្រើប្រាស់គ្រឿងញៀនម្ដងៗ រូបគេតែងតែប្រើអំពើហិង្សាលើប្រពន្ធ និងអ្នកនៅក្នុងផ្ទះទៀតផង ហើយក៏ធ្លាប់វ៉ៃប្រពន្ធបែកក្បាល ព្រមទាំងធ្លាប់គំរាមអាករប្រពន្ធបន្ថែមទៀត។

 

ដោយផ្អែកលើពាក្យបណ្ដឹង និងផ្អែកលើការស្ដាប់ចម្លើយរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងកាំបិតនៅនឹងដៃផងនោះ ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យបង្ក្រាបការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៕