កំពង់ឆ្នាំង៖ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌។ យោងបទល្មើសជាក់ស្ដែង ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតចំណុចភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យមានឈ្មោះ អ៊ុ ចន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក) ចំនួន០៨ កញ្ចប់តូច ទម្ងន់១.៧២ក្រាម (ថ្លឹងទាំងថង់វេចខ្ចប់), ទូរស័ព្ទដៃចំនួន ០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី ។