You are currently viewing ជនសង្ស័យម្នាក់ប្រព្រឹត្តអំពើឆបោកត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន!  

ជនសង្ស័យម្នាក់ប្រព្រឹត្តអំពើឆបោកត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន!  

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៌មានថា មានជនមិនស្គាល់អត្តសញ្ញាណក្លែងបន្លំដោយអះអាងថា ខ្លួនជាអង្គរក្សថ្នាក់ដឹកនាំ ហើយប្រើប្រាស់ទូរស័ព្ទខលសុំលុយតាមស្ថាប័ននានា។

    ក្រោយពីទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដាក់បទបញ្ជាតាមបណ្ដាការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ធ្វើការស្រាវជ្រាវ។

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ដោយអនុវត្តបទបញ្ជា លោកបានដឹកកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ គុយ ជាង ហៅអាម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។

     ក្រោយពីសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លូនពិតជាបានប្រើឈ្មោះថ្នាក់ដឹក ដើម្បីតេសុំលុយតាមស្ថាប័នផ្សេងៗសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនពិតប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង(លេខទូរស័ព្ទ) ទើបកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជងាវុធហត្ថខេត្តចាត់ការបន្ត។

      បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ចូនទៅសាលាដំបូងខេត្ត។