You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសជម្រាបអ្នកសារព័ត៌មាន

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសជម្រាបអ្នកសារព័ត៌មាន

រយៈពេលកន្លងទៅនេះ មានបណ្ដាញព័ត៌មានសង្គមមួយចំនួនបានបង្ហោះផ្សព្វផ្សាយ អំពីមន្ត្រីអាវុធហត្ថ ១រូប មានឋានន្តរសក្តិអនុសេនីយ៍ឯក បង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួន ថែមទាំងជេរប្រមាថទៅលើអ្នកសារព័ត៌មាន។

យោងសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោយពីទទួលបានព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកបានឱ្យជំនាញហៅលោកអនុសេនីយ៍ឯក ផឹង កុសល អត្តលេខ០៥៨៤៧៧ មុខងារ មេបញ្ជាការកងអនុសេនាធំចល័ត គ២០ មកសាកសួរបំភ្លឺអំពីករណីគ្រោះថ្នាក់ចរាចរណ៍ និងការជេរប្រមាថ។ តាមការបំភ្លឺរបស់លោកអនុសេនីយ៍ឯក ផឹង កុសល ថា នៅវេលាម៉ោង២៣:០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ប៉ុន្តែពុំមានបុគ្គលណាម្នាក់រងរបួសនោះទេ ភាគីទាំង២ បានសុំទោសគ្នាទៅវិញទៅមករួចហើយ ក៏បានចាកចេញពីកន្លែងកើតហេតុរៀងៗខ្លួន។ លោកអនុសេនីយ៍ឯក ផឹង កុសល បានបន្តដំណើរស្រាប់តែមានរថយន្ត១គ្រឿងដែលជាក្រុមសារព័ត៌មានមកឈប់ពីមុខរថយន្តរបស់គាត់ ហើយក៏ប្រកែកគ្នា អំពីករណីគ្រោះថ្នាក់ចរាចរណ៍នោះ ឈានដល់ការប្រើពាក្យសម្តីមិនសមរម្យ។

ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបអ្នកសារព័ត៌មាន សាធារណជន និងបុគ្គលពាក់ព័ន្ធជ្រាបថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តីបន្ទោសតាមទណ្ឌកម្មផ្នែកវិន័យចំពោះឈ្មោះ ផឹង កុសល ឋានន្តរសក្តិអនុសេនីយ៍ឯក អត្តលេខ០៥៨៤៧៧ មុខងារ មេបញ្ជាការកងអនុសេនាធំចល័ត គ២០ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងបានអប់រំណែនាំដោយធ្វើកិច្ចសន្យាទទួលកំហុសអំពីសីលធម៌ ក្នុងនាមជានាយទាហាននៃកងរាជអាវុធហត្ថ ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ បម្រើប្រជាជន ការពារ និងសង្គ្រោះប្រជាពលរដ្ឋ ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន។