ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាង ឲ្យលោកវរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រគល់ជូនគ្រួសារ លោកវរសេនីយ៍ត្រី បាន អមរិទ្ធ នាយការិយាល័យជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបច្ចុប្បន្នរូបលោកកំពុងមានជំងឺប្រចាំកាយជាទម្ងន់ ដល់គេហដ្ឋានដែលស្ថិតនៅក្នុងភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ទោ ប្រធានមន្ទីរកសាងកម្លាំង ក៏បានធ្វើការពាំនាំនូវការផ្តាំផ្ញើនិងក្តីនឹករលឹក ពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងណែនាំដល់រូបលោក និងក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់មើលថែទាំ ត្រួតពិនិត្យតាមដានសុខភាពផ្ទាល់ខ្លួន លេបថ្នាំឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ និងចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការការពារ ” ៣កុំ ៣ការពារ ” របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជៀសឆ្ងាយផុតពីជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩។
អំណោយដែលទទួលបានមានអង្ករចំនួន ០១បាវ ស្មើនឹង៥០គីឡូក្រាម, មី ចំនួន ០២កេស, ទឹកត្រី ចំនួន ០២យួរ, ទឹកស៊ីអ៊ីវ ចំនួន ០២យួរ, ទឹកក្រូចកំប៉ុង ចំនួន ០២កេស, ម៉ាស់ ចំនួន ០២ប្រអប់ និងថវិកា ចំនួន ៤,៩០០,០០០រៀល។