កំពង់ឆ្នាំង៖ នៅវេលាម៉ោងប្រមាណ១៥:០០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រំ ស៊ីណេ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិសាត់ ព្រមទាំងមានការសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដពោធិ៍សាត់ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី នៅត្រង់ចំណុចភូមិពោធិ៍តាកួយ ឃុំលលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០២នាក់នាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថចេត្តកំពង់ឆ្នាំង និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ធំ និង០១កញ្ចប់តូច, កូនជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង, ទូរសព្ទដៃចំនួន០៣គ្រឿង ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានឲ្យគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ.១៩ (លទ្ធផលអវិជ្ជមាន)។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងការិយាល័យជំនាញ បានកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។