សេចក្តីប្រកាសព័ត៌មាន
កាលពីវេលាប្រមាណម៉ោង១២និង៣០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកសារព័ត៌មានចំនួន២នាក់ និងប្រជាពលរដ្ឋចំនួន៤នាក់ បានមកឈរនៅខាងមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ហើយធ្វើការឡាយវីដេអូ ផ្សព្វផ្សាយតាមរយៈភេកហ្វេសប៊ុក គណនីឈ្មោះ ហង្ស សំណាង ដែលមានចំណងជើងថា “អយុត្តិធម៌បំផុតចាប់ដាក់គុកដោយគ្មានដីកា ភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត 06/09/2021លើកទី២” ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍អំពីព័ត៌មានខាងលើនេះ ពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងបានធ្វើការពិនិត្យឯកសារសំណុំរឿងក្តីករណី “លួងលោមរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២១និង៣០នាទី នៅចំណុចភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត” ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន និងបុគ្គលដែលជាសាច់ញាតិពាក់ព័ន្ធនឹងរឿងក្តីនេះ ជ្រាបថា មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពត បានទទួលពាក្យបណ្ដឹងពីឈ្មោះ មឿន សារិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ត្រូវជាឪពុករបស់ជនរងគ្រោះ (ឈ្មោះ ច ឆ ភេទស្រី អាយុ១៤ឆ្នាំ) ប្តឹងឈ្មោះ ម៉េង បូរី ភេទប្រុស មុខរបរនេសាទ រស់នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ពីបទលួងលោមកូនស្រីរបស់គាត់មកដល់ខេត្តកំពតនិងសេពសន្ថវៈ។ បន្ទាប់មក មន្ត្រីជំនាញយុត្តិធម៌ បានចាត់ការពាក្យបណ្តឹងតាមនីតិវិធីរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ជាមួយគ្នានោះដែរ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត ឈ្មោះ គាំ គង្គា ក៏បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ផងដែរ។ ខ្ញុំបាទសូមបញ្ជាក់ថា ការអនុវត្តនីតិវិធីទៅលើករណីរឿងក្តីខាងលើនេះ ពិតជាត្រឹមត្រូវតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយរឿងក្តីនេះបានផុតពីសមត្ថកិច្ចរបស់ជំនាញកងរាជអាវុធហត្ថ ក្រោយពីបានបញ្ជូនសំណុំរឿងតាមរយៈដីកាបញ្ជូន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។
អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំឱ្យភេកហ្វេសប៊ុក គណនីឈ្មោះ ហង្ស សំណាង ធ្វើការកែតម្រូវអំពីការផ្សព្វផ្សាយរបស់ខ្លួន ដូចមានចែងក្នុងមាត្រា១០ នៃច្បាប់ស្តីពីរបបសារព័ត៌មាន។ ក្នុងករណីមិនព្រមធ្វើការកែតម្រូវនោះទេ កងរាជអាវុធហត្ថ នឹងប្រគល់សិទ្ធិជូនមេធាវី ដើម្បីប្តឹងទាមទារសងជំងឺចិត្តទៅតាមផ្លូវតុលាការ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ មេត្តាជ្រាប។