រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញជាតំណាងបាននាំយកថវិកាចំនួន ០៤លានរៀល និងទេយ្យវត្ថុរួមមានអង្ករចំនួន ០២តោន, ទឹកសុទ្ធចំនួន៨០កេស, ទឹកក្រូចកូកា៥០កេស, មី៤០កេស, ទឹកត្រីទឹកស៊ីអ៊ីវ៤០យួរ, ត្រីខកំប៉ុង០៤កេស, ស្ករគ្រាប់០៤កេស ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន០២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព្រោះតែបញ្ហា កូវីដ-១៩ បានធ្វើឲ្យពិធីកាន់បិណ្ឌ នៅតាមវត្តអារាមក្នុងឆ្នាំនេះ ត្រូវបានរឹតត្បិត ដោយមិនមានការជួបជុំ ឈរលើគោលការណ៍ ៣ការពារ ៣កុំ ទើបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មិនបានអញ្ជើញទៅវត្តដើម្បីកាន់បិណ្ឌដោយផ្ទាល់ ត្រឹមចាត់ក្រុមការងារ នាំយកថវិកា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃប៉ុណ្ណោះ៕