ភ្នំពេញៈ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅទីលានមាត់ទន្លផ្សាតូច ស្នងការសម្ភារៈបច្ចេកទេស បានធ្វើពិធីបិទវគ្គបំប៉នដៃចង្កូតអូប័រជំនាន់ទី១៦ និងហ្វឹកហ្វឺនវិធីសាស្ត្រជំនាញក្នុងការជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឺកជំនន់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរង
ទទួលបន្ទុកស្នងការសម្ភារៈបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងពិធីនោះដែរ ក៏មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យ និងពលអាវុធហត្ថជាច្រើនរូបផងដែរ។ លោកវរសេនីយ៍ឯក ផាត់ សាវុធ គ្រូបង្ហាត់ និងជានាយរងស្នងការសម្ភារៈបច្ចេកទេស បានអោយដឹងថា៖ វគ្គបំប៉នដៃចង្កូតអូប័រ និងវិធីសាស្ត្រជួយសង្គ្រោះនេះមានសិក្ខាកាមចំនួន៦០នាក់ មកពីបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ មេរៀនដែលត្រូវសិក្សាមានទ្រឹស្តីអំពីលក្ខណៈបច្ចេកទេសម៉ាស៊ីនអូប័រ របៀបចាប់ម៉ាស៊ីនអូប័រ, ភ្ជាប់តួបញ្ឆេះម៉ាស៊ីន, របៀបបើកបរលើផ្ទៃទឹក, របៀបបើកបរសង្គ្រោះ និងរបៀបបើកបរសមយុទ្ធពិធីផ្សេងៗ។ ក្នុងការអនុវត្តន៍ជាក់ស្តែងមានអូប័រសម្រាប់ហ្វឹកហ្វឺនចំនួន០៨គ្រឿង,រថយន្តដឹកជញ្ជូន០៥គ្រឿង ដែលហ្វឹកហាត់មានរយៈពេល៧ថ្ងៃ។ សិក្ខាកាមបានប្រឡងដៃចង្កូតអូប័រជាប់ជាស្ថាពរមានចំនួន៦០នាក់ ស្មើនឹង៩៥% ក្នុងនោះទទួលបាននិទ្ទេសល្អចំនួន៣៩នាក់, និទ្ទេសល្អបង្គួរចំនួន១៣នាក់ និងមធ្យម០៨នាក់។
នៅក្នុងឱកាសបិទវគ្គហ្វឹកហាត់នោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានមានប្រសាសន៏ផ្តាំផ្ញើ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលវគ្គហ្វឹកហាត់នេះប្រកបដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនរហូតបានទទួលលទ្ធផលល្អប្រសើរបែបនេះ។