You are currently viewing កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបករណីឃាតកម្ម

កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបករណីឃាតកម្ម

ដោយអនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោកតែងតែយកចិត្តទុកដាក់ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។

 

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងតំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ព្រមទាំងមានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីឃាតកម្ម(ប្លន់យកម៉ូតូ) កើតឡើងនៅចំណុចផ្លូវ២៦១ ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បង្កដោយជនសង្ស័យចំនួន ០១នាក់ ភេទប្រុស បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ចំនួន ០១នាក់ ភេទប្រុស។ ក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួច ជនសង្ស័យបាន យកម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ កំណត់មុខសញ្ញារបស់ជនសង្ស័យ  និងបានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ រហូតកំណត់បាននូវទីតាំង អត្តសញ្ញាណរបស់ជនសង្ស័យ។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅខេត្តព្រៃវែង។

វត្ថុតាងដកហូតម៉ូតូ ០១គ្រឿង (របស់ជនរងគ្រោះ), ទូរស័ព្ទ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមផ្លូវច្បាប់។